ព្រះត្រៃបិដក ភាគ ២៧
[៣] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា (សេចក្តីសគាល់ថាដី)។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ក្នុងបឋវីសញ្ញា។ ម្នាលអានន្ទ ស្បែកគោ ដែលគេកោស គេរូស ដោយខ្នោស មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ មានឧបមេយ្យ ដូចជាទីណា ខ្ពស់ ទាប ឆ្លងទឹក ឆ្លងភក់ មានដង្គត់ និងបន្លាច្រូងច្រាង មានភ្នំរដិបរដុប ដែលមាននៅលើផែនដីនេះ ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវទីទាំងអស់នោះទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័បឋវីសញ្ញា ក៏ដូច្នោះដែរ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងបឋវីសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណានៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា
ID: 636847433997024329
ទៅកាន់ទំព័រ៖