ព្រះត្រៃបិដក ភាគ ២៧
អច្ឆរិយព្ភូតធម្មសូត្រ ទី៣
[២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលពួកភិក្ខុមានចំនួនច្រើន ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងបដ្ឋានសាលា ក្នុងកាលនោះឯង អន្តរាកថានេះ ក៏កើតឡើងថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះនាមយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះខ្លះ
ID: 636847443057962585
ទៅកាន់ទំព័រ៖