ព្រះត្រៃបិដក ភាគ ២៧
សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះ ភិក្ខុពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។
ID: 636847434199205893
ទៅកាន់ទំព័រ៖