ព្រះត្រៃបិដក ភាគ ២៧
[៤៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានធារទឹក២ ហូរមកអំពីអាកាស គឺធារទឹកត្រជាក់១ ធារទឹកក្តៅ១ អ្នកផងក៏ធ្វើឧទកកិច្ច ជម្រះពោធិសត្វ និងព្រះមាតា ដោយធារដែលហូរមកនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៤៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វប្រសូតមកភ្លាម ទ្រង់ប្រតិស្ថានលើផែនដី ដោយព្រះបាទដ៏ស្មើ បែរព្រះភក្ត្រទៅទិសខាងជើង ទ្រង់ស្តេចដោយព្រះបាទបាន ៧ជំហាន កាលគេកំពុងបាំងស្វេតឆត្រថ្វាយ ទ្រង់ក្រឡេកមើលគ្រប់ទិសទាំងអស់ ទើបបញ្ចេញអាសភិវាចាថា អាត្មាអញ ជាកំពូលរបស់លោក អាត្មាអញ ជាបុគ្គលចម្បងជាងលោក
ID: 636847447331757032
ទៅកាន់ទំព័រ៖