ព្រះត្រៃបិដក ភាគ ២៧
ទន្តភូមិសូត្រ ទី៥
[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះ សមណុទ្ទេស ឈ្មោះអចិរវតៈ នៅក្នុងកុដិជិតព្រៃ។ គ្រានោះឯង រាជកុមារព្រះនាមជយសេន
(១) ស្តេចយាងទៅមកៗ ដើម្បីសម្រួលព្រះជង្ឃា បានចូលទៅរកអចិរវតសមណុទ្ទេស លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកអចិរវតសមណុទ្ទេស លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។
[៥៧] លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ បានពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ខ្ញុំបានឮមកថា ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា (ចិត្តដែលមានអារម្មណ៍តែមួយ) មែនឬ។
(១) ជាព្រះរាជឱរស របស់ព្រះបាទពិម្ពិសារ។អដ្ឋកថា។
ID: 636847450403772741
ទៅកាន់ទំព័រ៖