ព្រះត្រៃបិដក ភាគ ២៧
អចិរវតសមណុទ្ទេស តបថា ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតាមែន។ ជយសេនរាជកុមារ តបថា ខ្ញុំសូមអង្វរ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំផង។
[៥៨] អចិរវតសមណុទ្ទេសពោលថា ថ្វាយព្រះពរព្រះរាជកុមារ អាត្មាភាព មិនអាចនឹងសំដែងធម៌ តាមទំនង ដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់បានទេ ទោះបីអាត្មាភាព សំដែងធម៌ តាមទំនង ដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់ ក៏ទ្រង់យល់នូវសេចក្តីនៃភាសិត របស់អាត្មាភាពពុំបាន អាត្មាភាព មុខជានឹងមានសេចក្តីលំបាកនោះ អាត្មាភាព មុខជានឹងមានសេចក្តីនឿយហត់នោះ (ឥតអំពើ)។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំ ហើយធ្វើដូចម្តេច ឲ្យខាងតែខ្ញុំបានយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនផង។
ID: 636847450675598289
ទៅកាន់ទំព័រ៖