ព្រះត្រៃបិដក ភាគ ២៧
សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅ ត្រង់កន្លែងនោះ ភិក្ខុក៏ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។
ID: 636847434959459377
ទៅកាន់ទំព័រ៖