ព្រះត្រៃបិដក ភាគ ២៧
ឃរាវាសចង្អៀតពេកណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានពេលទំនេរ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ និងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយ មិនងាយបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះគ្រាក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរទ្រព្យតិចផង លះបង់នូវគំនរទ្រព្យច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័ក ដែលទៅនៅក្នុងទីទំនេរបាន ក៏ដោយសារហេតុ មានប្រមាណប៉ុណ្ណេះ។ ម្នាលអគ្គិវេស្សនៈ ពួកទេវតា និងមនុស្ស រមែងមានសេចក្តីត្រេកអរ ក្នុងកាមគុណ ទាំង៥ប្រការនេះឯង។ ព្រះតថាគត ទ្រង់ប្រដៅបុគ្គលនោះ តទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកមានសីល ចូរជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ
ID: 636847454238752090
ទៅកាន់ទំព័រ៖