ព្រះត្រៃបិដក ភាគ ២៧
ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វាន ទីរំលត់ទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរលត់ទុក្ខ។ ភិក្ខុនោះ រមែងដឹងច្បាស់ ដោយពិតថា នេះជាពួកអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វានទីរំលត់អាសវៈ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចាកភវាសវៈផង ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តីដឹងថា ចិត្តរួចស្រឡះហើយដូច្នេះ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636847455585369112
ទៅកាន់ទំព័រ៖