ព្រះត្រៃបិដក ភាគ ២៧

មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ទើប​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​បាន​ ​មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយវិញទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​បពិត្រ​ព្រះរាជ​កុមារ​ ​ឯ​ដំណើរ​នុ៎ះ​ ​អាត្មាភាព​ ​ពុំ​ដែល​បាន​ស្តាប់​មក​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​ឬ​បាន​ទទួល​មក​ ​អំពី​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ទេ​ ​ប៉ុន្តែ​បើ​ហេតុ​ការ​នុ៎ះ​មាន​ ​ប្រាកដជា​ព្រះមានព្រះភាគ​ ​នឹង​ទ្រង់​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​ ​បើ​ព្រះ​ជា​គ្រូ​ ​របស់​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ ​បាន​ពោល​យ៉ាងនេះ​មែន​ ​ព្រះ​ជា​គ្រូ​ ​របស់​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​ហាក់ដូចជា​សំពង​អំបែងក្បាល​ ​នៃ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​ទាំងអស់​ដោយពិត​។​ ​គ្រានោះ​ ​ជយ​សេន​រាជកុមារ​ ​ក៏​អង្គាស​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​ដោយ​សម្រាប់​របស់​ខ្លួន​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636847457526770153
ទៅកាន់ទំព័រ៖