ព្រះត្រៃបិដក ភាគ ២៧
ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ ដ៏សមគួរដល់ធម៌ផង ឬទេ មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេឬ។
[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើភូមិជៈ កាលដែលព្រះរាជកុមារ ទ្រង់ចោទសួរយ៉ាងនុ៎ះ ហើយអ្នកដោះស្រាយយ៉ាងនុ៎ះ ឈ្មោះថា អ្នកពោលត្រូវតាមពាក្យ របស់តថាគតផង ឈ្មោះថា មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ដ៏សមគួរដល់ធម៌ផង មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនបានមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេ។ ម្នាលភូមិជៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ
ID: 636847458580790440
ទៅកាន់ទំព័រ៖