ព្រះត្រៃបិដក ភាគ ២៧
ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានប្រេងឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណៈ ឬព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។
ID: 636847459079488964
ទៅកាន់ទំព័រ៖