ព្រះត្រៃបិដក ភាគ ២៧
[១១៤] លុះព្រះអនុរុទ្ធមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអនុរុទ្ធទាំងឡាយ
(១) អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយ មិនលំបាកដោយបិណ្ឌបាត្រទេឬ។ ឯព្រះថេរៈ ទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាត្រទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ ព្រមព្រៀងស្មោះសរនឹងគ្នា មិនវិវាទគ្នាទេ ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់បាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ តើដោយហេតុដូចម្តេចខ្លះ។
(១) ទ្រង់ត្រាស់ហៅដូច្នេះ ដោយសំដៅយកព្រះនាម នៃព្រះថេរៈ ទាំង៣ព្រះអង្គ មានអនុរុទ្ធជាដើម
ID: 636847491919907328
ទៅកាន់ទំព័រ៖