ព្រះត្រៃបិដក ភាគ ២៧

បើ​លោក​នោះ​ចង់​ឆាន់​ ​ក៏​ឆាន់​ទៅ​ ​បើ​មិន​ចង់​ឆាន់​ទេ​ ​ចាក់ចោល​ទៅ​ក្នុង​ទី​គ្មាន​ស្មៅ​ស្រស់​ ​ក៏បាន​ ​បាចសាច​ទៅ​ក្នុងទឹក​ ​ដែល​គ្មាន​សត្វ​តូច​ ​ក៏បាន​ ​រួច​លោក​នោះ​ ​រៀបចំ​ទុកដាក់​អាសនៈ​ ​រៀបចំ​ទុកដាក់​ទឹក​សម្រាប់​ឆាន់​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​ ​រៀបចំ​ទុកដាក់​ភាជន៍​សម្រាប់​ផ្ទេរ​ ​ហើយ​បោសសំអាត​រោង​ភត្ត​ ​បើ​លោក​ណា​ ​ឃើញ​ក្អម​សម្រាប់​ដាក់​ទឹក​ឆាន់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​លាង​វច្ចៈ​ក្តី​ ​នៅ​រលីង​ទទេ​ ​លោក​នោះ​ ​ក៏​តម្កល់ទុក​ឲ្យ​មាន​ឡើង​ ​បើ​លោក​នោះ​ ​មិន​អាច​នឹង​លើក​ដោយដៃ​បានទេ​ ​យើងខ្ញុំ​ ​ក៏​ហៅ​គ្នីគ្នា​ ​មក​ជួយ​លើក​ដោយដៃ​ ​ហើយ​តម្កល់ទុក​ក្អម​ ​សម្រាប់​ដាក់​ទឹក​ឆាន់​ ​ឬ​ក្អម​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនដែល​បញ្ចេញវាចា​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះ​ឡើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មួយទៀត​ ​តែ​គ្រប់​ប្រាំ​ថ្ងៃហើយ​(​១​)​ ​យើងខ្ញុំ​តែង​អង្គុយ​ប្រជុំ​គ្នា​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ទាំងមូល​ ​គឺ​អស់​មួយ​យប់​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនបាន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​
​(​១​)​ ​បាន​សេចក្តី​ថា​ ​៥ថ្ងៃ​ ​ប្រជុំ​គ្នា​ម្តង​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636847493057462393
ទៅកាន់ទំព័រ៖