ព្រះត្រៃបិដក ភាគ ២៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ព្រះ​យមរាជ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ ​កាល​អ្នកឯង​នោះ​ ​ដឹងក្តី​ឡើង​ ​រហូតដល់​ចាស់​ ​តើមាន​គំនិត​ថា​ ​អាត្មាអញ​ឯង​ ​មាន​សេចក្តី​គ្រាំគ្រា​ជា​ធម្មតា​ ​មិន​កន្លង​នូវ​សេចក្តី​គ្រាំគ្រា​ទៅ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ធ្វើអំពើ​ល្អ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​ដូច្នេះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​(​នឹង​គិតឃើញ​)​ ​ទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ក៏​ត្រាស់​ពន្យល់​បុរស​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ ​ព្រោះតែ​សេចក្តី​ប្រមាទ​ ​បាន​ជា​អ្នកឯង​ ​មិន​ធ្វើអំពើ​ល្អ​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​អើ​បុរស​ ​បើ​អ្នកឯង​ ​មាន​សេចក្តី​ប្រមាទ​យ៉ាងណា​ ​ពួក​និរយបាល​ ​នឹង​ធ្វើ​ ​(​អ្នកឯង​)​ ​យ៉ាងនោះ​វិញ​ ​ដ្បិត​បាបកម្ម​របស់​អ្នកឯង​នោះ​ ​មិនមែន​មាតា​ធ្វើឲ្យ​ទេ​ ​មិនមែន​បិតា​ធ្វើឲ្យ​ទេ​ ​មិនមែន​បងប្អូន​ប្រុស​ធ្វើឲ្យ​ទេ​ ​មិនមែន​បងប្អូន​ស្រី​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​មិត្ត​អាមាត្យ​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​ញាតិសាលោហិត​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​សមណព្រាហ្មណ៍​ធ្វើឲ្យ​ទេ​ ​មិនមែន​ទេវតា​ទាំងឡាយ​ធ្វើឲ្យ​ទេ​ ​ឯ​បាបកម្ម​នុ៎ះ​ ​គឺ​អ្នកឯង​ធ្វើខ្លួន​ឯង​ ​អ្នកឯង​នឹង​ត្រូវ​ទទួលវិបាក​ ​នៃ​បាបកម្ម​នោះ​វិញ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636847514250504566
ទៅកាន់ទំព័រ៖