ព្រះត្រៃបិដក ភាគ ២៧
ជាបុគ្គលប្រកបដោយធម៌ ដ៏ចំឡែកមែន បពិត្រព្រះអង្គដ៏ចម្រើន នេះជាអន្តរាកថា ដែលខ្ញុំព្រះអង្គទាំងឡាយ បញ្ឈប់ក្នុងវេលាដែលព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។
[២៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះអានន្ទថា ម្នាលអានន្ទ បើដូច្នោះ ធម៌ណា ដែលអស្ចារ្យ ដែលចំឡែក អ្នកចូរបំភ្លឺនូវធម៌នោះ ចំពោះតថាគត ឲ្យលើសលន់ពន់ប្រមាណ ក្នុងទីនេះចុះ។
[២៨] ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ ពាក្យនេះ ខ្ញុំព្រះអង្គ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ (ធម៌អស្ចារ្យ ចំឡែក) របស់ព្រះមានព្រះភាគ។
ID: 636847443916211674
ទៅកាន់ទំព័រ៖