ព្រះត្រៃបិដក ភាគ ២៧
[៤៩] ម្នាលអាវុសោកស្សប អ្នកកុំសួរអាត្មាថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ៨០វស្សានេះ លោកសេពមេថុនប៉ុន្មានដង យ៉ាងនេះឡើយ ម្នាលអាវុសោ កស្សប អ្នកត្រូវសួរអាត្មាថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ៨០វស្សានេះ កាមសញ្ញា របស់លោកធ្លាប់កើតប៉ុន្មានដង យ៉ាងនេះវិញ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានកាមសញ្ញាកើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានកាមសញ្ញាកើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានព្យាបាទសញ្ញា... មិនដែលមានវិហឹសាសញ្ញា កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានវិហឹសាសញ្ញា កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។
ID: 636847448665263304
ទៅកាន់ទំព័រ៖