ព្រះត្រៃបិដក ភាគ ២៧
ក៏ពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ត្រង់ដែលថា ភិក្ខុជាអ្នកមិនប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា នុ៎ះមិនទំនង មិនមែនជាឱកាសទេ។ លុះជយសេនរាជកុមារ ប្រកាសនូវហេតុ ដែលមិនមែនជាទំនង មិនមែនជាឱកាស របស់អចិរវតសមណុទ្ទេសហើយ ក៏ក្រោកអំពីអាសនៈស្តេចចេញទៅ។ កាលដែលជយសេនរាជកុមារ ស្តេចចេញទៅមិនយូរប៉ុន្មាន អចិរវតសមណុទ្ទេស ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះអចិរវតសមណុទ្ទេស អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលពាក្យចរចា ដែលខ្លួននិយាយនឹងជយសេនរាជកុមារនោះ ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។
[៦០] កាលអចិរវតសមណុទ្ទេស ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងអចិរវតសមណុទ្ទេស ដូច្នេះថា ម្នាលអគ្គិវេស្សនៈ គុណជាតណា ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ តើជយសេនរាជកុមារ នឹងបាននូវគុណជាតនោះអំពីទីណា ក្នុងអត្តភាពនេះ
ID: 636847451337026120
ទៅកាន់ទំព័រ៖