ព្រះត្រៃបិដក ភាគ ២៧
[៧៩] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលស្នែងមេគោដែលមានកូនខ្ចី បើទុកជាធ្វើនូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាន នូវទឹកដោះស្រស់ឡើយ បើទុកជាមិនធ្វើនូវបំណង។បេ។ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាននូវទឹកដោះស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះថាគ្មានទំនង ដើម្បីឲ្យត្រាស់ដឹងនូវផលឡើយ។
ID: 636847459341183932
ទៅកាន់ទំព័រ៖