ព្រះត្រៃបិដក ភាគ ២៨
[៩៨] ពាក្យថា បុគ្គលគប្បីដឹង មនោបវិចារៈ ទាំង១៨ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ បុគ្គលឃើញរូបដោយភ្នែកហើយ ក៏ពិចារណានូវរូបជាទីតាំងនៃសោមនស្ស ពិចារណានូវរូបជាទីតាំងនៃទោមនស្ស ពិចារណានូវរូបជាទីតាំងនៃឧបេក្ខា។ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ប៉ះពាល់ផោដ្ឋព្វៈដោយកាយ... ដឹងនូវធម៌ដោយចិត្តហើយ ក៏ពិចារណានូវធម៌ ជាទីតាំងនៃសោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃទោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃឧបេក្ខា។ សោមនស្សូបវិចារៈ (សេចក្តីពិចារណាដោយសោមនស្ស) មាន៦ ទោមនស្សូបវិចារៈ មាន៦ ឧបេក្ខូបវិចារៈ មាន៦ (រួមគ្នាត្រូវជា១៨) ដោយប្រការដូច្នេះ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គលគប្បីដឹងមនោបវិចារៈ ទាំង១៨ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
ID: 636848151321912966
ទៅកាន់ទំព័រ៖