ព្រះត្រៃបិដក ភាគ ២៨
[១១៥] គ្រាកាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង នូវឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ តើឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ នរណាហ្ន៎ នឹងអាចចែកអត្ថដោយពិស្តារបាន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា
ID: 636848200958662025
ទៅកាន់ទំព័រ៖