ព្រះត្រៃបិដក ភាគ ២៨
ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈមានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើងទាំងឡាយ គប្បីសួរនូវសេចក្តីនេះ នឹងព្រះមហាកច្ចានៈ មានអាយុ ដូច្នេះ សូមព្រះមហាកច្ចានៈ មានអាយុ ចែក (អត្ថនោះ ដោយពិស្តារឲ្យទាន)។
[១១៧] ព្រះមហាកច្ចានៈមានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុរសអ្នកត្រូវការដោយឈើខ្លឹម ជាអ្នកស្វែងរកឈើខ្លឹម បានដើរទៅស្វែងរកឈើខ្លឹម កាលបើដើមឈើធំ ដុះនៅ (ចំពោះមុខ) ក៏ដើររំលងឫស រំលងដើម សំគាល់នូវមែក និងសន្លឹកថាជាខ្លឹម ដែលខ្លួនត្រូវស្វែងរកវិញ មានឧបមា ដូចម្តេចមិញ សេចក្តីនេះ ក៏មានឧបមេយ្យដូច កាលដែលព្រះសាស្តា ឋិតនៅចំពោះមុខ នៃលោកមានអាយុទាំងឡាយ លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគនោះ ហើយសំគាល់នូវយើង ថាជាបុគ្គលគួរសួរ នូវសេចក្តីនេះវិញ
ID: 636848201931627676
ទៅកាន់ទំព័រ៖