ព្រះត្រៃបិដក ភាគ ២៨
[១១៩] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ដោយចក្ខុហើយ ក៏មានវិញ្ញាណរលឹកទៅតាមរូបនិមិត្ត ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ជាប់ចំពាក់ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ប្រកបព្រមដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ភិក្ខុឮសំឡេង ដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរស ដោយអណ្តាត... ប៉ះពាល់ផោដ្ឋព្វៈដោយកាយ... ដឹងនូវធម៌ ដោយចិត្តហើយ ក៏មានវិញ្ញាណរលឹកទៅតាមធម្មនិមិត្ត ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ដែលហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ យ៉ាងនេះឯង។
ID: 636848202834979345
ទៅកាន់ទំព័រ៖