ព្រះត្រៃបិដក ភាគ ២៨
[១២១] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីវិវេក ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ រួចហើយបានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។
ID: 636848203347098636
ទៅកាន់ទំព័រ៖