ព្រះត្រៃបិដក ភាគ ២៨
លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមអទុក្ខមសុខ គឺឧបេក្ខា ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ដែលហៅថា ចិត្តឋិតនៅខាងក្នុង។
[១២២] ម្នាលអាវុសោទាំងឡាយ ចុះដូចម្តេចហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក មិនបានប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនបានជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត
ID: 636848203802674694
ទៅកាន់ទំព័រ៖