ព្រះត្រៃបិដក ភាគ ២៨
មិនប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ហៅថា ចិត្តមិនឋិតនៅខាងក្នុង។
[១២៣] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំនោះ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុថុជ្ជនក្នុងលោកនេះ មិនចេះដឹងពុទ្ធវចនៈ មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានរូប ឃើញនូវរូប ថាមានក្នុងខ្លួន ឃើញនូវខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ រមែងប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ រមែងមានវិញ្ញាណត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប ព្រោះភាវៈនៃរូបប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុ ជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប រមែងគ្របសង្កត់ចិត្តរបស់បុគ្គលនោះ។
ID: 636848204350616034
ទៅកាន់ទំព័រ៖