ព្រះត្រៃបិដក ភាគ ២៨
[១២៤] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹងពុទ្ធវចនៈ បានឃើញព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ ទូន្មានខ្លួន ក្នុងអរិយធម៌ បានឃើញសប្បុរស ឈ្លាសវៃក្នុងសប្បុរិសធម៌ បានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជាខ្លួន មិនឃើញនូវខ្លួន ថាមានរូប មិនឃើញរូប ថាមានក្នុងខ្លួន មិនឃើញខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ ក៏ប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ ក៏រមែងមានវិញ្ញាណ មិនបានត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃរូប ព្រោះតែភាវៈនៃរូបប្រែប្រួល ទៅជាដទៃឡើយ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃរូប រមែងមិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះទេ។ បុគ្គលនោះ ព្រោះតែសេចក្តីមិនគ្របសង្កត់ចិត្ត ក៏មិនបានប្រកបដោយសេចក្តីខ្លាចផង មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ផង មិនប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ។
ID: 636848204798941677
ទៅកាន់ទំព័រ៖