ព្រះត្រៃបិដក ភាគ ២៨
មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌មិននាំមកនូវសេចក្តីទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ធម៌ណា គឺសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ រមែងប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជាសេចក្តីព្យាយាម នាំមកនូវទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវសេចក្តីទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
ID: 636848207968332956
ទៅកាន់ទំព័រ៖