ព្រះត្រៃបិដក ភាគ ២៨
[១៣៥] ពាក្យថា បុគ្គលមិនគប្បីពោលពាក្យក្នុងទីកំបាំងមុខ មិនគប្បីពោលពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះនុ៎ះ តថាគត បានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យទាំងនោះ បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យស្ងាត់កំបាំងឡើយ មួយទៀត បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គលគប្បីរៀនដើម្បីមិននិយាយនូវពាក្យនោះ មួយទៀត បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គលគួរជាអ្នកដឹងនូវកាលគួរក្នុងពាក្យនោះ ដើម្បីនិយាយនូវពាក្យស្ងាត់កំបាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យទាំងនោះ បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខនោះទេ មួយទៀត បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គលគប្បីរៀន ដើម្បីមិនពោលនូវពាក្យនោះ
ID: 636848211201837902
ទៅកាន់ទំព័រ៖