ព្រះត្រៃបិដក ភាគ ២៨
បុគ្គលគួរឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយ ក្នុងតេជោធាតុ រមែងញុំាងចិត្ត ឲ្យគ្រាកចេញ អំពីតេជោធាតុ។
[១៦២] ម្នាលភិក្ខុ ចុះ វាយោធាតុ តើដូចម្តេច។ វាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះវាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺខ្យល់ដែលបក់ឡើងលើ ខ្យល់ដែលបក់ចុះក្រោម ខ្យល់ដែលខាំងនៅក្នុងផ្ទៃ ខ្យល់ដែលខាំងនៅក្នុងក្រពះ ខ្យល់ដែលរត់តាមអវយវៈតូចធំ ខ្យល់ដកដង្ហើមចេញ ខ្យល់ដកដង្ហើមចូល ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណចូលទៅអាស្រ័យនៅ
ID: 636848225396309779
ទៅកាន់ទំព័រ៖