ព្រះត្រៃបិដក ភាគ ២៨
ជារបស់ទទេ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុខាងក្នុងណាក្តី អាកាសធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវអាកាសធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញតាមពិត នូវអាកាសធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែងនឿយណាយក្នុងអាកាសធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីអាកាសធាតុ។ ចំណែកខាងក្រោយ នៅសល់តែវិញ្ញាណដ៏បរិសុទ្ធ ផូរផង់ បុគ្គលតែងដឹងអ្វីមួយ គឺដឹងថាសុខខ្លះ ដឹងថាទុក្ខខ្លះ ដឹងថាមិនមែនទុក្ខ មិនមែនសុខខ្លះ ដោយវិញ្ញាណនោះឯង។
ID: 636848226133731957
ទៅកាន់ទំព័រ៖