ព្រះត្រៃបិដក ភាគ ២៨
បុគ្គលនោះ កាលលែងតាក់តែង លែងត្រិះរិះគិត ដើម្បីសេចក្តីចម្រើន ឬសេចក្តីវិនាស ក៏លែងប្រកាន់របស់នីមួយ ក្នុងលោក កាលបើលែងប្រកាន់ហើយ ក៏មិនតក់ស្លុត កាលមិនតក់ស្លុត រមែងរំលត់កិលេសដោយពិតប្រាកដ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើបុគ្គលនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខវេទនានោះមិនទៀង ដឹងច្បាស់ថា សុខវេទនានោះ អាត្មាអញមិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា សុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ បុគ្គលនោះ ទទួលទុក្ខវេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះមិនទៀង ដឹងច្បាស់ថា ទុក្ខវេទនានោះ អាត្មាអញ មិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា ទុក្ខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ បុគ្គលនោះ ទទួលអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះមិនទៀង ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ អាត្មាអញ មិនគួរនឹងជ្រប់ជាប់ឡើយ ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។
ID: 636848228247072833
ទៅកាន់ទំព័រ៖