ព្រះត្រៃបិដក ភាគ ២៨
[១៦៩] គ្រានោះឯង បុក្កុសាតិមានអាយុ ក៏ភ្ញាក់ស្មារតីដឹងថា ព្រះសាស្តារបស់អញ ស្តេចមកដល់ហើយតើ ព្រះសុគតរបស់អញ ស្តេចមកដល់ហើយតើ ព្រះសម្មាសម្ពុទ្ធរបស់អញ ស្តេចមកដល់ហើយតើ ដូច្នេះ ក៏ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ក្រាបទៀបបាទា របស់ព្រះមានព្រះភាគ ដោយត្បូងហើយ ទើបសូមខមាទោស ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីល្មើសហើយ ដោយហេតុថា ខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះខ្ញុំព្រះអង្គ បានសំគាល់ នូវព្រះមានព្រះភាគ ថាជាបុគ្គលដែលគេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់ទោស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅមុខទៀត។
[១៧០] ព្រះអង្គទ្រង់ត្រាស់ថា អើភិក្ខុ អ្នកមានសេចក្តីល្មើសហើយ ដោយហេតុថា អ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះអ្នក បានសំគាល់នូវតថាគត ថាជាបុគ្គល ដែលគេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ ម្នាលភិក្ខុ កាលណាបើអ្នកបានឃើញទោស តាមទោសហើយ សំដែងដោយសមគួរ តាមធម៌ហើយ យើងនឹងអត់ទោសនោះ ដល់អ្នក
ID: 636848230776447505
ទៅកាន់ទំព័រ៖