ព្រះត្រៃបិដក ភាគ ២៨
[១៧៦] ម្នាលអាវុសោទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិទុក្ខ១ ជរាទុក្ខ១ មរណទុក្ខ១ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្សទុក្ខ១ ឧបាយាសទុក្ខ១ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ១ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះថាទុក្ខ។ ម្នាលអាវុសោទាំងឡាយ ជាតិ តើដូចម្តេច ការកើត ការកើតព្រម ការចុះកាន់គភ៌ ការប្រព្រឹត្តទៅមិនដាច់ ការវិលត្រឡប់ ការកើតប្រាកដនៃខន្ធ និងការបានចំពោះ នូវអាយតនៈណា របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជាតិ។ ម្នាលអាវុសោទាំងឡាយ ជរា តើដូចម្តេច សេចក្តីចាស់ ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការថយអាយុ ការចាស់ជោរ នៃឥន្ទ្រិយណា របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជរា។ ម្នាលអាវុសោទាំងឡាយ មរណៈ តើដូចម្តេច ការច្យុតិ ការឃ្លាតចាកសត្តនិកាយនោះៗ ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចុះ នូវសាកសព ការផ្តាច់បង់នូវជីវិតិន្ទ្រិយណា របស់ពួកសត្វនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា មរណៈ។
ID: 636848232603692018
ទៅកាន់ទំព័រ៖