ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោទាំងឡាយ សោកៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីស្ងួតស្ងប់ ការស្រពោនស្រពាប់ ការស្រណោះស្រណោក ការក្រៀមក្រំខាងក្នុង ការសង្រេងសង្រៃខាងក្នុងណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬត្រូវសេចក្តីទុក្ខណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា សោកៈ។ ម្នាលអាវុសោទាំងឡាយ បរិទេវៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ទំនួញ ការទួញរៀបរាប់ ការត្អូញត្អែរ ការយំយែក ការអណ្តឺតអណ្តក ការយំរៀបរាប់ណា របស់សត្វ ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬត្រូវសេចក្តីទុក្ខណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា បរិទេវៈ។ ម្នាលអាវុសោទាំងឡាយ ទុក្ខៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីលំបាកកាយ ការមិនសប្បាយកាយ សេចក្តីទុក្ខកើតអំពីកាយសម្ផ័ស្ស ការទទួលអារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខៈ។
ID: 636848232839375498
ទៅកាន់ទំព័រ៖