ព្រះត្រៃបិដក ភាគ ២៨
ហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានជរាជាធម្មតា.... ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានព្យាធិជាធម្មតា... ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានសេចក្តីស្លាប់ជាធម្មតា... ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នកមានសេចក្តីសោក ខ្សឹកខ្សួលទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តជាធម្មតាឡើយ ពុំនោះសោត សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ កុំគប្បីមកដល់យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វទាំងឡាយ មិនគប្បីដល់តាមសេចក្តីប្រាថ្នាឡើយ នេះហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ។ ម្នាលអាវុសោទាំងឡាយ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះថាទុក្ខ តើដូចម្តេច រូបជាឧបាទានក្ខន្ធ១ វេទនាជាឧបាទានក្ខន្ធ១ សញ្ញាជាឧបាទានក្ខន្ធ១ សង្ខារជាឧបាទានក្ខន្ធ១ វិញ្ញាណជាឧបាទានក្ខន្ធ១ ម្នាលអាវុសោទាំងឡាយ ទាំងនេះហៅថា បញ្ចុបាទានក្ខន្ធទុក្ខ ដោយបំប្រួញ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។
ID: 636848233267369978
ទៅកាន់ទំព័រ៖