ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោទាំងឡាយ នេះហៅថា ព្យាយាមត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរលឹកត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាមដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ។បេ។ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត។បេ។ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីរលឹកត្រូវ។ ម្នាលអាវុសោទាំងឡាយ ការតំកល់ចិត្តត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ភិក្ខុបានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ...
ID: 636848234285348203
ទៅកាន់ទំព័រ៖