ព្រះត្រៃបិដក ភាគ ២៨
បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យនូវព្រះមានព្រះភាគ ទើបប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលជាទីត្រេកអរ នៃព្រះអរិយបុគ្គល បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យនូវព្រះមានព្រះភាគ ទើបជាអ្នកអស់សង្ស័យក្នុងទុក្ខ អស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខ អស់សង្ស័យ ក្នុងធម៌រំលត់ទុក្ខ អស់សង្ស័យ ក្នុងសេចក្តីប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់ព្រះនាងមហាបជាបតិគោតមីដែរ។
[១៨៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា អើយ៉ាងហ្នឹងហើយអានន្ទ អើយ៉ាងហ្នឹងហើយ អានន្ទ ម្នាលអានន្ទ បុគ្គលអាស្រ័យបុគ្គលណា ទើបបានដល់ព្រះពុទ្ធ ជាទីពឹង បានដល់ព្រះធម៌ ជាទីពឹង បានដល់ព្រះសង្ឃ ជាទីពឹង ម្នាលអានន្ទ តថាគត មិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។
ID: 636848235709569664
ទៅកាន់ទំព័រ៖