ព្រះត្រៃបិដក ភាគ ២៨
បពិត្រភិក្ខុ ចុះលោកចាំនូវគាថា មានរាត្រីមួយដ៏ចម្រើនឬទេ។ ខ្ញុំព្រះអង្គតបថា ម្នាលអាវុសោ អាត្មាមិនចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនឬទេ។ ទេវតាតបថា បពិត្រភិក្ខុ ខ្ញុំករុណា ក៏មិនចាំនូវគាថាមានរាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀនយក នូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះថាឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយដ៏ចម្រើន ជាធម៌ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ទេវតានោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គ ទ្រង់សំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល មានរាត្រីមួយដ៏ចម្រើន ដល់ខ្ញុំព្រះអង្គ។ ព្រះអង្គក៏ទ្រង់ត្រាស់ថា ម្នាកភិក្ខុ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ព្រះសមិទ្ធិមានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
ID: 636848119163043584
ទៅកាន់ទំព័រ៖