ព្រះត្រៃបិដក ភាគ ២៨
ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ លុះព្រះសុគត ត្រាស់ភាសិតនេះចប់ហើយ ទ្រង់ក្រោកអំពីអាសនៈ ហើយចូលទៅកាន់វិហារ។
[២៧] គ្រានោះឯង កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសំដែងឧទ្ទេសនេះឯង ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយនៅឡើយ ទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត មិនគប្បីប្រាថ្នាបញ្ចក្ខន្ធជាអនាគត ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុតនូវកិលេស បុគ្គលគួរធ្វើក្នុងថ្ងៃនេះឯង
ID: 636848119713375061
ទៅកាន់ទំព័រ៖