ព្រះត្រៃបិដក ភាគ ២៨
ឆន្នោវាទសូត្រ ទី២
[២១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះ ព្រះសារីបុត្រមានអាយុ ព្រះមហាចុន្ទៈមានអាយុ និងព្រះឆន្នៈមានអាយុ កំពុងគង់នៅនាភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់។
[២១៧] គ្រានោះ ព្រះសារីបុត្រមានអាយុ ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាចុន្ទៈមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហាចុន្ទៈមានអាយុ យ៉ាងនេះថា ម្នាលចុន្ទៈមានអាយុ មក យើងចូលទៅរកព្រះឆន្នៈមានអាយុ នឹងបានសួរជម្ងឺ។ ព្រះមហាចុន្ទៈមានអាយុ ទទួលពាក្យព្រះសារីបុត្រមានអាយុថា ករុណា លោកមានអាយុ។
ID: 636848257053610473
ទៅកាន់ទំព័រ៖