ព្រះត្រៃបិដក ភាគ ២៨
លំដាប់នោះ ព្រះសារីបុត្រមានអាយុ និងព្រះមហាចុន្ទៈមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះឆន្នៈមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានសួរព្រះឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ លោកអាចអត់ធន់បានឬទេ លោកអាចញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើងទេឬ ការធូរថយប្រាកដ ការចម្រើនមិនប្រាកដទេឬ។ ព្រះឆន្នត្ថេរ និយាយថា ម្នាលអាវុសោ សារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដទេ។
[២១៨] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង គប្បីចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់នូវក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ
ID: 636848257317585571
ទៅកាន់ទំព័រ៖