ព្រះត្រៃបិដក ភាគ ២៨
បុណ្ណោវាទសូត្រ ទី៣
[២២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចេញចាកទីសម្ងំ ក្នុងវេលារសៀល ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះបុណ្ណៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោស ទូន្មានខ្ញុំព្រះអង្គដោយព្រះឱវាទយ៉ាងសង្ខេប លុះខ្ញុំព្រះអង្គស្តាប់នូវធម៌ របស់ព្រះមានព្រះភាគហើយ នឹងចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងដុតបំផ្លាញកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រេចសម្រាន្តឥរិយាបថ ទាំង៤។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបុណ្ណៈ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះបុណ្ណៈមានអាយុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
ID: 636848260491677119
ទៅកាន់ទំព័រ៖