ព្រះត្រៃបិដក ភាគ ២៨
ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយដំបង បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។
[២៣៥] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយដំបង ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយដំបង ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយកាំបិត បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។
ID: 636848261669734500
ទៅកាន់ទំព័រ៖