ព្រះត្រៃបិដក ភាគ ២៨
នន្ទកៈមានអាយុ អង្គុយលើអាសនៈ ដែលគេក្រាលទុកហើយ លុះអង្គុយស៊ប់ ទើបលាងជើង។ ភិក្ខុនីទាំងនោះ ថ្វាយបង្គំនន្ទកៈមានអាយុ ហើយអង្គុយក្នុងទីសមគួរ។
[២៤៣] លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ នន្ទកៈមានអាយុ បាននិយាយយ៉ាងនេះថា ម្នាលនាងទាំងឡាយ តទៅមុខ បើមានពាក្យគេសាកសួរ បើពួកភិក្ខុនីដឹងច្បាស់ ក្នុងប្រស្នានោះ គប្បីឆ្លើយថា ពួកយើងដឹង បើមិនដឹងទេ គប្បីឆ្លើយថា ពួកយើងមិនដឹងទេ មួយទៀត ភិក្ខុនីណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ ភិក្ខុនីនោះ គប្បីសួរយើង ក្នុងប្រស្នានោះចុះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះដូចម្តេច សេចក្តីអធិប្បាយ របស់ពាក្យនេះ ដូចម្តេច។ ពួកភិក្ខុនីតបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់នន្ទកៈ បវារណាយើង ដោយពាក្យណា ពួកយើងមានចិត្តត្រេកអរ រីករាយ ចំពោះលោកម្ចាស់នន្ទកៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ។
ID: 636848263445916092
ទៅកាន់ទំព័រ៖