ព្រះត្រៃបិដក ភាគ ២៨
ហើយនិយាយយ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកម្ចាស់ ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា បុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់នូវមេគោ ហើយអារនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺសាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី ក៏អារពន្លះ កាត់យកវត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ជននោះ និយាយយ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ដូច្នេះក៏ពិតមែនហើយ ប៉ុន្តែមេគោនោះ ប្រាសចាកស្បែកនោះហើយ ដោយប្រាកដ។
ID: 636848265711885698
ទៅកាន់ទំព័រ៖