ព្រះត្រៃបិដក ភាគ ២៨
ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។ សោតវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ឃានវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា វិញ្ញាណកាយ ទាំង៦នេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ រឿងនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
ID: 636848267886830098
ទៅកាន់ទំព័រ៖