ព្រះត្រៃបិដក ភាគ ២៨
[២៦១] ម្នាលនាងទាំងឡាយ ប្រៀបដូចជាប្រទីប ពេញដោយប្រេងកំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ពន្លឺ ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា តែពន្លឺណា របស់ប្រទីបនោះ ពន្លឺនោះទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ពន្លឺរបស់ប្រទីបនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
ID: 636848268151295224
ទៅកាន់ទំព័រ៖