ព្រះត្រៃបិដក ភាគ ២៨
[២៦៤] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ ជនណានិយាយយ៉ាងនេះថា អាតយនៈខាងក្រៅ ទាំង៦នេះ មិនទៀង អាត្មាអញ អាស្រ័យអាយតនៈខាងក្រៅហើយ ទទួលដឹងវេទនាណា ជាសុខ ឬជាទុក្ខ ឬក៏មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈខាងក្រៅនោះៗ តែងកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ វេទនា ដែលកើត អំពីអាយតនៈខាងក្រៅនោះៗ រលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពីអាយតនៈខាងក្រៅនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញពិតប្រាកដ ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។
ID: 636848269011704437
ទៅកាន់ទំព័រ៖