ព្រះត្រៃបិដក ភាគ ២៨
ចូឡរាហុលោវាទសូត្រ ទី៥
[២៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ (ក្នុងផលសមាបត្តិ) ក៏មានព្រះតម្រិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ សម្រាប់ធ្វើវិមុត្តិឲ្យចាស់ក្លា របស់រាហុល ចាស់ក្លាហើយ បើដូច្នោះ គួរតែតថាគតទូន្មានរាហុល ក្នុងការអស់ទៅនៃអាសវៈទាំងឡាយ តទៅទៀត។
[២៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ស្តេចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តវិញ ទ្រង់ត្រាស់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល ចូរអ្នកកាន់យកសំពត់និសីទនៈ យើងនឹងចូលទៅឯអន្ធវ័ន (ព្រៃជាទីនៅនៃចោរខ្វាក់)
ID: 636848270494729261
ទៅកាន់ទំព័រ៖